សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជូនសារប្រាប់កម្មករថាប្រាក់ខែត្រូវឡើង ជារៀងរាល់ឆ្នាំ

Published on Wednesday, 30 August 2017 17:26    Hits: 0     ដោយ ៖ អ៊ុយសីតា

ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជូនសារជាក់លាក់តាមផ្លូវច្បាប់ប្រាប់កម្មករថា ប្រាក់ខែត្រូវឡើងជារៀងរាល់ឆ្នាំ ប្រសិនបើមិនឡើងទេគឺខុសច្បាប់តែម្ដង ដែលនេះគឺជាការចង់បានរបស់កម្មករ ជាការចង់បានរបស់ រាជរដ្ឋាភិបាល ហើយក៏ជាការចង់បានរបស់អ្នកវិនិយោគផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនប្រមាណជាង១៣០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលមានទីតាំងស្ថិតនៅសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សម្ដេចតេជោមាន ប្រសាសន៍ថា ដើម្បីឈានឆ្ពោះទៅមុខ និងជោគជ័យលើវិស័យឧស្សហកម្មក៏ដូចជាជោគជ័យ ក្នុងឋានៈ ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នោះគឺកម្មករ-កម្មការិនីរោងចក្រក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវសន្ដិភាព និងការអភិវឌ្ឍន៍ឱ្យខាងតែបាន ព្រោះវាជាចំណង២ ដែលបេះមិនដាច់ពីគ្នាទេ មានសន្ដិភាពទើបមាន ការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបរក្សាបាននូវសន្ដិភាព។
សូមសម្លឹងមើលទៅប្រទេសអ៊ីរ៉ាក់ សូមសម្លឹងមើលទៅប្រទេសលីប៊ី ស៊ីរី យេម៉ែន និងប្រទេសមួយចំនួន ទៀតដែលកំពុងមានសង្គ្រាម តើប្រទេសអស់ទាំងនោះយ៉ាងម៉េចទៅហើយ គ្មានសន្ដិភាព នឹងមិនអាចមាន ការអភិវឌ្ឍបានទេ គ្មានអ្នកណា គេយករោងចក្រមកសម្រាប់ត្រូវគ្រាប់ផ្លោងត្រូវគ្រាប់បែក នោះទេ ដូច្នេះរួមគ្នារក្សានូវសន្ដិភាពនេះ ទើបរក្សាបាននូវការអភិវឌ្ឍ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវគោលនយោបាយ៥យ៉ាង ដើម្បីដោះស្រាយជាមួយកម្មករ កម្មការិនីនិងដើម្បីជំរុញប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យក្នុងវិស័យ ឧស្សាហកម្ម២០១៥-២០២៥ និងឈានទៅប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់នោះគឺ ទី១.រួមគ្នារក្សាសន្ដិសុខ សន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ដើម្បិសុវត្ថិភាព និងស្ថិរភាពការងារ, ទី២.រួមគ្នារក្សការងារ និងបង្កើតការងារ, ទី៣.រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹងរបស់កម្មករ, ទី៤.រួមគ្នាបង្កើតគោលនយោបាយគាំពារសង្គម និងទី៥.រួមគ្នាបង្កើតស្ថានភាពអំណោយផល សម្រាប់ការស្វែងរកការងារស្របច្បាប់នៅក្រៅប្រទេសជូនកម្មករ-កម្មការិនី។
នេះជាជំនួបលើកទី៤ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងយុទ្ធនាការជួបសំណេះសំណាលជាមួយ កម្មករនិយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រ ដែល សម្តេចតេជោ បានកំណត់យកថ្ងៃអាទិត្យ និងយកថ្ងៃពុធ ដើម្បីជួបសំណេះសំណាលផ្ទាល់ជាមួយ កម្មករ កម្មការិនី ទៅតាមតំបន់ឧស្សាហកម្ម និងរោងចក្រ សហគ្រាស ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង ថា សួនឧស្សាហកម្មវឌ្ឍន:២នេះ ត្រូវបានបង្កើតឡើងតាមលិខិតអនុញ្ញាត ឱ្យសាងសង់អគាររោងចក្រ លេខ១៦២ អសណ/នសណ_២០១៧ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៧ ដោយវិនិយោគសំណង់អគារ សម្រាប់ជួល លើផ្ទៃដីស្រែសុទ្ធសាធវិនិយោគប្រមាណ៨០ហិកតា និងមាន អគារ រោងចក្រចំនួន១៧។ បច្ចុប្បន្ន សួនឧស្សា ហកម្មវឌ្ឍន:២ មានរោងចក្រចំនួន៨មានកម្មករនិយោគជិតសរុបចំនួន១២.២៩៦នាក់ ស្រី១០.៧២៧នាក់ ក្នុងនោះ កាត់ដេរសម្លៀកបំពាក់៧រោងចក្រ និងផលិតកាបូប ០១រោងចក្រ។ ក្នុងចំណោមរោងចក្រទាំង៨ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន០៦ ក្នុងនោះមាន៖ ចិនតៃវ៉ាន់០៤ ចិនហុងកុង០១ ចិនដីគោក០១ ប្រទេសកូរ៉េ០១ ប្រទេសថៃ០១។
ចំពោះផលិតផល ដែលផលិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍន:២នេះ ត្រូវបាននាំចេញទៅកាន់ប្រទេស ដែលជាសមាជិកអាស៊ាន ប្រទេសកូរ៉េ ជប៉ុន ចិន ឥណ្ឌា អូស្រ្តាលី សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង និងកាណាដា៕អត្ថបទ៖អេគេភី



ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop