
ក្រុមអ្នកវិទ្យាសាស្ត្រ បានសាកល្បងយ៉ាងជោគជ័យនូវការបង្ហោះយន្តហោះគ្មានមនុស្សបើកធុនតូចមួយសម្រាប់ត្រៀមបង្ហោះលើកដំបូងក្នុងបេសកកម្មនៅលើភពព្រះអង្គារ ឬ Mars។
យន្តហោះដែលទើបផលិតនោះ គឺជាស្នាដៃដែលរចនាដោយក្រុមនិស្សិត ហើយគេបានដាក់ឈ្មោះវាថា Prandtl-M។ Prandtl-M នឹងត្រូវប្រើនាពេលអនាគតដ៏ខ្លី ដើម្បីហោះថតបរិយាកាសនៅលើភពព្រះអង្គារ និងបញ្ជូនរូបភាពត្រលប់មកភពផែនដីវិញ។

ការសាកល្បងតេស្តលើកដំបូង បានធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវការហោះហើររបស់ណាសា ដែលមានឈ្មោះថា Armstrong ស្ថិតក្នុងរដ្ឋ California។ យន្តហោះបញ្ជាខាងលើ មានស្លាបប្រវែងជាង៦០សង់ទីម៉ែត្រ និងទម្ងន់តិចជាង ២គីឡូក្រាម។ នៅពេលហោះហើរលើភពអង្គារ វាមានសមត្ថភាព ប្រមូលរូបភាពភូមិសាស្ត្រ ដែលអាចប្រាប់អ្នកវិទ្យាសាស្ត្រពីភាពងាយស្រួលនៃទីតាំងដែលអាចចុះចតបាន។
អង្គការណាសា គ្រោងបញ្ជូនយានអវកាសគ្មានមនុស្សបើកចុះចតនៅភពព្រះអង្គារ ឬភពក្រហម នៅដើមឆ្នាំ ២០១៨ ហើយនឹងបញ្ជូនយានដែលមានអវកាសយានិក (មនុស្ស)ទៅកាន់ទីនោះ នៅពាក់កណ្ដាលឆ្នាំ ២០៣០៕



Post a Comment