
ក្រុមហ៊ុន YouTube បានប្រកាសនឹងពុំអនុញ្ញាតឱ្យមានការលេចផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) នៅលើប៉ុស្តិ៍ (Channel) នៃគណនីណា ដែលមិនទាន់ទទួលបានចំនួនអ្នកទស្សនា ១ ម៉ឺននាក់ឡើយ។

ជុំវិញការលើកឡើងខាងលើ កាលពីថ្ងៃសុក្រកន្លងទៅ YouTube បានថ្លែងថា ចំណាត់ការនេះនឹងធ្វើឱ្យប្រាកដក្នុងការផ្ដល់ប្រាក់ចំណូលសម្រាប់តែអ្នកបង្កើតត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ។
ការផ្លាស់ប្ដូរនេះ ទំនងអាចមកពីការផ្សព្វផ្សាយពាណិជ្ជកម្មចំពេលនៅលើវីដេអូទាស់ភ្នែកមួយចំនួន ដូចជាវីដេអូគាំទ្រពួកភេរវករនិងសារប្រកាន់ជាតិសាសន៍។

ទន្ទឹមនឹងនោះម្ចាស់ពាណិជ្ជកម្មធំៗមួយចំនួន ក៏បានកាត់បន្ថយការចំណាយលុយទៅលើ YouTube រួមមានក្រុមហ៊ុន Coca-Cola, General Motors, Wal-Marts និង Dow Jones បន្ទាប់ពីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ លោតនៅក្នុងវីដេអូអំពើភេរវកម្មនិងពួក neo-Nazis ។
សរុបមកវិញច្បាប់ថ្មីនេះ ជឿជាក់ថាវាអាចពិបាកបន្តិចសម្រាប់អ្នកចង់សាកល្បងរៀនរកលុយតាម YouTube ដំបូងៗ ព្រោះកាលពីពេលកន្លងមក មិនចាំបាច់ទទួលបានដល់អ្នកទស្សនា ១ ម៉ឺននាក់ជាគោលនោះទេ មានត្រឹម ១ ពាន់នាក់ក៏ក្រុមហ៊ុនផ្ដល់ដំណឹងនៃចំណូលឱ្យដឹងខ្លះជាស្រេចបាត់ទៅហើយ។
ប្រភព៖ CNBC ប្រែសម្រួល៖ sabay


Post a Comment