២៨ កក្កដា ២០១៧ - ១០:០៤
ភ្នំពេញៈ បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំបាត់ម្ចាស់ការ បានបើករថយន្តបុករះដើមឈើទាំង
កម្រោល សំណាងល្អពុំបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន
កើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧
នៅខាងក្រោយវត្តអង្គតាមិញ តាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌ
ពោធិ៍សែនជ័យ។
អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តបង្កស៊េរីទំនើបម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ
2AN-7332 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងអង្គតាមិញ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាង
លឿន ខណៈមកដល់ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលចង្កូតទៅបុករះដើម
ឈើអស់៣ដើម ប៉ាណូក្រុមហ៊ុនស្រាបៀរ ហ្គែននស្បើត ចំនួន១ សំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន១ផ្ទាំង
និងបុកបង្គោលភ្លើងទ្រេតអស់១ដើមផងដែរ ហើយរថយន្តបង្កបានដាច់កាឡែកង់ក្រោយផ្នែកខាង
ស្ដាំទើបទៅមុខលេងរួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមាននរណាម្នាក់រងរបួសនោះទេ គ្រាន់
តែខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសម្បត្តិរដ្ឋតែប៉ុណ្ណោះ ៕


Post a Comment