អ្នក​ប្រើ​ធានា​រ៉ាប់រង​ត្អូញ​រឿង​តម្លៃ​ថ្លៃ​ ហើយ​ទូទាត់​សង​វិញ យឺត​ដល់​កំពូល

វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​បាច់​ព្រួយ​បារម្ភ​ក្នុង​គ្រា​មាន​ករណី​ហានិភ័យ​ផ្សេងៗ​កើត​ឡើង​ជា​យថាហេតុ​ចំពោះ​ពួកគេ។
ក្រឡេក​មក​មើល​បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​សេវា​ធានា​រ៉ាប់រង​ឧស្សាហ៍​ជួប​នោះ​ គឺការ​យឺត​យ៉ាវ​ជាមួយ​នឹង​ការ​សង​សំណង​ត្រឡប់​មក​វិញ​ ជា​ពិសេស​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​កាន់​តែ​​បាត់​បង់​ទំនុក​ចិត្ត។
សន ផល្លីកា តារា​ស្រី​នៅ​ផលិតកម្ម​ហង្សមាស​ ថ្លែង​មក​កាន់​ Sabay តាម​រយៈ​សារ​អេឡិចត្រូនិក​​ថា​ នាង​ទើប​តែ​ដូរ​ឡាន ដូច្នេះ​មិន​ទាន់​បាន​គិត​គូរ​រឿង​ សេវា​ធានា​រ៉ាប់រង​លើ​ឡាន​ឡើយ ម្យ៉ាង​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​សេវាកម្ម​មួយ​នេះ​។
“និយាយ​ទៅ​ខ្ញុំ​ទើប​តែ​ដូរ​ឡាន​បង ចឹង​អត់​ទាន់​បាន​ទិញ​ធានា​រ៉ាប់រង​មក​ដាក់​ឡាន​ទេ តែ​មិន​យូរ​ទេ ខ្ញុំ​នឹង​ទិញ​ដាក់ ធម្មតា​ជា​តារា​ចឹង​មាន​កម្មវិធី​ចុះ​ខេត្ត​ញឹកញាប់ ចឹង​ខ្លាច​មាន​ប៉ះពាល់​អី​ បើ​មាន​សេវា​ធានា​រ៉ាប់រង​ក៏​ល្អ​ម្យ៉ាង​ដែរ តែ​ខ្ញុំ​នៅ​មាន​ការ​ពិបាក ព្រោះ​ឮ​គេ​និយាយ​ត​គ្នា​មក​ថា​ ធានា​រ៉ាប់​រង​យឺត​យ៉ាវ​លើ​ថ្លៃ​សង​យើង​ពេក​បង"។
ជួន​កាល​សេវាកម្ម​ធានា​រ៉ាប់រង​មួយ​ចំនួន​ មិន​សូវ​អើពើ​នឹង​បញ្ហា​ដែល​អតិថិជន​បាន​ស្នើ​សុំ​ ឬ​ជួប​ប្រទះ​ភ្លាមៗ​នោះ​ទេ។ យូរ​ថ្ងៃ​ខែ​ ទើប​ចេញ​ថ្លៃ​សំណង​ ហើយ​ចំនួន​លុយ​ដែល​ទូទាត់​សង ភាគ​ច្រើន​មិន​បាន​ត្រឹម​ត្រូវ​នឹង​ទំហំ​ទឹក​ប្រាក់ ចឹង​អតិថិជន​មួយ​ចំនួន​ខ្ជិល​ខ្វល់​រឿង​សេវា​ហ្នឹង​តែ​ម្ដង។ បងស្រី ម៉ុច អ្នក​រស់​នៅ​បុរី​ប៉េងហួត​បឹងស្នោរ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ដែល​បងស្រី​ធ្វើការ​​ប្រើ​ធានា​រ៉ាប់​រង​លើ​រថយន្ត តែ​ហាក់​ដូច​មិន​មាន​ប្រសិទ្ធភាព​សោះ ព្រោះ​ត្រូវ​ប្រើ​ពេល​យូរ​ពេក​ដើម្បី​បាន​សំណង។
“រឿង​សេវា​ធានា​រ៉ាប់រង ចេះ​តែ​ដាក់​ឲ្យ​មាន​ៗ តែ​គិត​ទៅ​ដូច​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ ឡាន​ជួប​បញ្ហា​ថ្ងៃ​នេះ គេ​មិន​បាន​សង​យើង​ថ្ងៃ​នេះ ឬ ២ ៣ ថ្ងៃ​ទៀត​នោះ​ទេ យ៉ាង​លឿន ៤ ទៅ ៥ខែ​ ហើយ​មុន​នឹង​សង​ សួរ​សព្វ​គ្រប់ ហឹម...”។ នេះ​បើ​តាម​ថ្លែង​ឲ្យ​ដឹង​ពី​ស្ត្រី​កូន​មួយ​រូប​នេះ។
បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​ស្រី វ៉ាឡា មាន​ផ្ទះ​ក្បែរ​ផ្សារ​សាមគ្គី​ បាន​ឲ្យ​ដឹង​ថា​ អ្វី​ក៏​ដោយ​តែង​មាន​ចំណុច​ល្អ​ និង​ចំណុច​អាក្រក់ ជាក់ស្ដែង​​ប្រមើល​មើល​ថា បើ​មាន​​សេវា​ធានា​រ៉ាប់រង​ វា​អាច​ជួយ​ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​បាន​ធូរ​ស្បើយ​មួយ​កម្រិត​ ព្រោះ​ថា​បើ​មាន​បញ្ហា​នៅ​លើ​ដង​ផ្លូវ​ មាន​អ្នក​ចាំ​ជួយ​ប្រឹក្សា ក៏​ដូច​ជា​ចេញ​ថ្លៃ​សេវា​លើ​បញ្ហា​នេះ។
"ខ្ញុំ​ជា​ស្រី មិន​សូវ​យល់​ច្បាស់​ពី​រឿង​ចរាចរណ៍​ប៉ុន្មាន​ទេ ជា​ពិសេស​ករណី​បើ​មាន​បញ្ហា​លើ​ដង​ផ្លូវ​ ករណី​បើ​គេ​ខុស ខ្ញុំ​ត្រូវ ក៏​ខ្ញុំ​មិន​ហ៊ាន​នឹង​ជជែក​វែក​ញែក​ជាមួយ​គេ​ដែរ តែ​បើ​មាន​ Insurance ស្រួល​ម្យ៉ាង​ គ្រាន់​តែ​ខល​ហៅ​គេ​មក​ដោះ​ស្រាយ​ហើយ​ចប់។" នេះ​បើ​​តាម​ការ​លើក​ឡើង​ពី​អ្នកស្រី វ៉ាឡា។
ទន្ទឹម​នឹង​ការ​ត្អូញត្អែរ​ពី​ភាព​យឺត​យ៉ាវ​ និង​សេវា​ថ្លៃ​លើ​ការ​ប្រើ​ប្រាស់​ធានា​រ៉ាប់រង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​មួយ​ទើប​មក​ដល់​ឈ្មោះ​ថា អេច អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ដែល​ជា​ការ​វិនិយោគ​រួម​រវាង​កម្ពុជា-ថៃ-អូស្ត្រាលី តម្លៃ​ធូរ​ថ្លៃ។ ពិសេស​ត្រង់​ថា លែង​មាន​ការ​យឺត​យ៉ាវ​ទៀត​ហើយ ដោយ​ក្រុម​ហ៊ុន​នេះ​ធានា​ថា អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ និង​អ្នក​ដំណើរ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ និង​សេវា​ហិរញ្ញវត្ថុ ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop