សាខាកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យទំនិញ ដែលអាជីវករ បានតាំងលក់ នៅក្នុងផ្សារប៉ាងរលឹម រកឃើញទំ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ ជាច្រើនមុខ

២៥ កក្កដា ២០១៧ - ១៣:៣០ ១២
ប៉ៃលិន៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុង​ត្រូលប្រចាំខេត្ត​ប៉ៃលិន បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ សហ​ការជាមួយ​មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្ត​ចុះត្រួតពិនិត្យទំ​និញហួសសុពលភាព​ និងខូចគុណភាព ដែលដាក់លក់នៅតាមតូបនីមួយៗ ក្នុងផ្សារប៉ាង​រលឹម ស្ថិតនៅភូមិ​ប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយដកហូតបានទំនិញ ជាង ១០ យកទៅកម្ទេចចោល។
 លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឱ្យដឹងថា៖ សាខាកាំកុង​ត្រូល​​ខេត្ត នៅតែបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលកំណត់ដែលដាក់តាំងលក់​នៅតាម​ទីផ្សារ​នានាទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ ហើយ​ពេលចុះម្តងៗ លោក និងក្រុមការងារ បានធ្វើការពន្យល់ណែនាំ​ ដល់អាជីវករ​ទាំងអស់ កុំអោយ​បន្តយក​ទំនិញ​ណាដែលខូច​គុណភាព ទំនិញ​ដែលមិនមានច្បាប់​អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាក​សញ្ញាត្រឹមត្រូវ​មកដាក់​តាំង​លក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ គឺហាមដាក់តាំងលក់នៅ​លើទីផ្សារ ជាដាច់ខាត។

 ទន្ទឹមនឹងនេះអាជីវករទាំងអស់មុននឹងទិញទំ​និញយក​មក​​ដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ និង​​ក្រុម​​ហ៊ុន​​ផលិត ឱ្យបានច្បាស់លាស់ដើម្បី​ជៀស​វាងពេល​សមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យ រកឃើញហួសកាល​បរិច្ឆេទ​​កំណត់ ​ឬខូចគុណភាព ធ្វើការដកហូតយកទៅកម្ទេចចោល ដែលនាំ​ខាត​បង់ ទាំងពេលវេលា និង ប្រាក់កាក់ផងដែរ។ នៅក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ ក៍បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ត្រូវចេះមើលទំនិញដែលខូចគុណភាព និងហួសសុពលភាព មុននឹងទិញយកទៅបរិភោគ ដែលនាំឱ្យប៉ះពាល់​ដល់សុខភាព ហើយ​ចំពោះអាជីវករណា ដែលមិន​គោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូល ដោយនៅ​តែ​បន្តយកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ មកដាក់តាំងលក់ទៀតនោះ សាខាកាំកុងត្រូល​នឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ មាត្រាទី១៦ និង៦៣ ដោយផ្តន្ទាទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។
 គួរបញ្ចាក់ថា៖ នៅក្នុងពេលចុះពិនិត្យទំនិញសមត្ថ​កិច្ចកាំកុង​ត្រូលខេត្ត បាន​ធ្វើការដកហូតទំនិញខូច​គុណ​​ភាព និងហួសកាលបរិច្ឆេទកំណត់ មួយ​ចំនួន​​ពី​អាជីវករ ដើម្បីយកទៅកំទេចចោលរួមមាន៖ ស្របៀដប ១៩ដប នំស្រួយក្មេង ៤៤កញ្ចប់ ទឹកជ្រលក់ ១៤ ដប ទឹកម្ទេស ៥ដប មីកំម៉ុង ៦កញ្ចប់ មីកញ្ចប់ ១១កញ្ចប់ ទឹកក្រូចដបជ័រ ៧៣ដប ទឹកសណ្តែក ៣ដប ទឹកត្រី ១២ដប ទឹកតៅហ៊ូកែវ ៤កែវ គ្រប់សណ្តែង​ខៀវលីង​ខូច​គុណភាព ១១០០កញ្ចប់ ទឹកប៉េងបោះ ៧ដប ទឹកដោះគោជូកូនក្មេងក្រហម ១២ប្រអប់ ចាហួយក្មេង ៥កញ្ចប់ ភេសជ្ជៈ ២៤ដប និងទឹកដោះគោជូ ៤២កញ្ចប់ផងដែរ។





ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop