ជាង៧០០នាក់បាត់បង់ជីវិតនិងរាប់លាននាក់រងផលប៉ះពាល់ដោយសារទឹកជំនន់នៅអាស៊ីខាងត្បូង

Published on Wednesday, 23 August 2017 12:32    Hits: 6     ដោយ ៖ ស៊ុយឈាង



អាស៊ីខាងត្បូង៖ មនុស្សជាង​ ​៧០០នាក់​ បានបាត់បង់ជីវិត​​និងរាប់លាន​នាក់​​បានរងផលប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់​និងការបាក់ដី​​នៅ​ប្រទេស​បង់ក្លាដែស​ ឥណ្ឌា​ ​និង​នេប៉ាល់​​ក្នុងខែនេះ។​​
យោងតាមសហព័ន្ធកាកបាតក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិបានឲ្យដឹងថា ប្រទេសនៅតំបន់អាស៊ីខាងត្បូងទាំងបីនេះ មិនដែលជួបគ្រោះធម្មជាតិដ៏អាក្រក់បែបនេះទេក្នុងរយៈជាច្រើនទសវត្សរិ៍មកនេះ ហើយក្រៅពីមានមនុស្សជាង៧០០នាក់បានបាត់បង់ជីវិត នៅមានមនុស្សប្រហែល២៤លាននាក់ទៀតបានរងផលប៉ះពាល់។

ខែសីហា គឺជារដូវភ្លៀងមូសុងសម្រាប់តំបន់អាស៊ីខាងត្បូង ជាពេលដែលតំបន់ភាគច្រើនទទួលរងទឹកភ្លៀងយ៉ាងជោគជាំ ហើយមន្ត្រីរដ្ឋាភិបាលព្រួយបារម្ភខ្លាចអ្វីៗកាន់តែអាក្រក់ថែមទៀត ពេលចូលដល់រដូវភ្លៀងមូសុងពេញលេញ។
លោក Reaz Ahmed អគ្គនាយកនៃអគ្គនាយកដ្ឋានដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសបានឲ្យដឹងថា គិតចាប់ពីដើមខែរហូតមក់ទល់ពេលនៅក្នុងប្រទេសរបស់លោក មានមនុស្សចំនួន១១៨នាក់បានស្លាប់ ហើយមានផ្ទះជាង៤៥.០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
សហព័ន្ធកាកបាតក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិបានលើកឡើងថា ទឹកជំនន់នៅបង់ក្លាដែស គឺជាទឹកជំនន់ដ៏អាក្រក់បំផុតដែលប្រទេសនេះមិនធ្លាប់ជួបឡើយពីមុនមក។
ចំណែកនៅក្នុងប្រទេសឥណ្ឌាវិញ មានមនុស្សជិត៤០០នាក់បានស្លាប់នៅក្នុងរដ្ឋចំនួនបី គឺរដ្ឋ Assam រដ្ឋ Bihar និងរដ្ឋ Uttar Pradesh។
រដ្ឋ Bihar គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានមនុស្សស្លាប់ចំនួន៣០៤នាក់នៅក្នុងរដ្ឋនេះតែមួយគត់។
ដោយឡែកងាកទៅមើលប្រទេសនេប៉ាល់វិញ មានមនុស្សចំនួន១៤៣នាក់បានបាត់បង់ជីវិត ខណៈ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ដោយសារទឹកជំនន់និងការបាក់ដីចាប់ពីថ្ងៃទី១១មក ហើយមានផ្ទះជិត៨ម៉ឺនខ្នងបានរងការខូចខាត។
ក្រសួងកិច្ចការផ្ទៃក្នុងនិងកិច្ចការសាធារណៈនេប៉ាល់បានលើកឡើងថា ការបាក់ដីនិងទឹកជំនន់នៅក្នុងខែនេះ គឺជាគ្រោះធម្មជាតិអាក្រក់បំផុតមិនធ្លាប់មានឡើយក្នុងរយៈ៦០ឆ្នាំកន្លងមកនេះ៕

ចុះនៅលើទីនោះ NEWS  http://www.angkorbody.com

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop