អគ្គ​នាយិកា​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ត្រូវជន​ជាតិ​​​កូ​សូ​វ៉ូ​ម្នាក់​​​ស៊ី​ដាច់​​លុយ​​ជិត​​៣០​​លាន​ដុល្លារ !


២៧ កក្កដា ២០១៧ - ០៨:០៦ ១០
ភ្នំពេញ ៖ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវនិង​តាម​ប្រមាញ់​មួយ​រយៈ​ខ្លី ជនសង្ស័យម្នាក់ ដែល​ជា​ជនជាតិ​កូ​សូ​វ៉ូ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួនហើយ​បញ្ជូន​មក​កាន់​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ កក្កដា ​នេះ បន្ទាប់​ពី​ស៊ីដាច់​ប្រាក់ របស់ភរិយា​លោក កៅ គឹ​ម​ហួ​ន គឺអ្នកស្រី ឃឹម រ៉ា​នី អគ្គ​នាយិកា​ទូរ​ទស្ស​ន៍​​អាស៊ី​អាគ្នេយ៍ ជិត​៣០​លាន​ដុល្លារ ​។

ប្រភព​ពី​មន្ត្រី​តុលាការបានអោយដឹងថា ជន​សង្ស័យ​​ឈ្មោះ DENIS COKOVIC ហៅ DENIS DENY ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​កូ​សូ​វ៉ូ ត្រូវ​បាន​តំណាង​អយ្យការលោក សៀង សុខ ចោទ​ពី​បទ​ឆបោក និង​សមគំនិត ក្នុង​អំពើ​មិន​បំពេញ​កាតព្វកិច្ចចំពោះ​ឧបករណ៍​​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ថ្ងៃ​ទី​២៨ ខែមេសា ថ្ងៃ​ទី​១៦ ខែឧសភា ថ្ងៃ​ទី​២៦ ខែឧសភា និង​១២ មិថុនា ឆ្នាំ​២០១៧ តាម​មាត្រា​៣៧៧-​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ (​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​) ​។
ប្រភពពីអ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ អេ​ង ហ៊ី បាន​ប្រាប់​ថា រឿង​ករណី​ឆបោក​លុយរាប់​លាន​ដុល្លារ​នេះ កម្លាំង​អាវុធហត្ថ​បើក​ប្រតិបត្តិ​ការ​ក្រោម​បញ្ជា​ផ្ទាល់លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ។ ទោះជាយ៉ាងណាលោកអេ​ង ហ៊ី ​មិនទាន់អោយដឹង​ស៊ីជម្រៅ​នោះនៅ​ឡើយ​ទេ ។
បើ​តាម​ប្រភព​មួយជិតស្និទ្ធនឹងកង​រាជអាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស បាន​បង្ហើប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ២០១៧ សមត្ថកិច្ចបាន​នាំ​ខ្លួន​ជនជាតិ​កូ​សូ​វ៉ូ​ម្នាក់ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់​ភរិយា​លោក កៅ គឹ​ម​ហួ​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី មានទឹកប្រាក់​ចំនួន​២៧​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​រៀបចំ​ រី​ស្ស៊​ត នៅ​ខេត្ត​កែប និង​កំពត ។
​ប្រភពដដែល ​បង្ហើប​អោយដឹងបន្តថា ជនសង្ស័យ​ឈ្មោះ កូ​កូ​វ៉ិ​ច ឌឺ​នី​ស ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ កក្កដា នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​នៅ​ពេល​ឆែកឆេរ​បុរស​រូប​នោះ បែរជា​កាន់​លិខិតឆ្លងដែន ជនជាតិ​អូស្ត្រាលី​ទៅ​វិញ ។
ប្រភពដដែលបន្តទៀតថា បុរស​រូប​នេះ បាន​ចូល​មក​ប្រទេស​កម្ពុជា បើក​ក្រុមហ៊ុន​មួយ ជាមួយ​អ្នកស្រី ឃឹម រ៉ា​នី ភរិយា​លោក កៅ គឹ​ម​ហួ​ន និង​មនុស្ស​មួយ​ចំនួន​ទៀត រួច​លើក​គម្រោង​រៀបចំ​ធ្វើ​រី​ស្ស៊​ត នៅ​ខេត្ត​កែប និង​ខេត្តកំពត ក្នុង​ទំហំ​ទឹកប្រាក់ រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ។
នៅ​ពេល​រៀបចំ​ដំណើរការ ជនសង្ស័យ​រូប​នេះ បាន​ប្រាប់​សមាជិក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ថា ក្រុមហ៊ុន​ធំ​នៅ​បរទេស ដែល​មាន​ដើមទុន​ហាសិប​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពុំ​ទាន់​ទម្លាក់​ប្រាក់​មក​ឲ្យ​ទេ ។ ដូច្នេះ សូម​ឲ្យ​សមាជិក​ភាគហ៊ុន​ទាំងអស់ ចេញ​ប្រាក់​ជា​មុន​សិន ដើម្បី​បាន​ដំណើរការ ។ ពេល​នោះ ភរិយា​លោក កៅ គឹ​ម​ហួ​ន បាន​ចេញ​ប្រាក់​ជា​បន្តបន្ទាប់ ឲ្យ​ទៅ​ជនសង្ស័យ រហូត​ចំនួន​២៧​លាន​ដុល្លារ​អា​មេ​រិ​ក ។
ក្រោយ​ពេល​បាន​ទទួល​ប្រាក់​រួច​ហើយ ជន​សង្ស័យ​ពុំ​បាន​យក​ប្រាក់​នេះ ទៅ​ដំណើរ​ការ​សាងសង់​រី​ស្ស៊​ត ដូច​ការ​អះអាង​នោះ​ទេ ធ្វើ​ឲ្យ​សមាជិក​ភាគហ៊ុន មានការ​សង្ស័យ ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ​ដឹង​ថា ពុំ​មាន​គម្រោង​រៀបចំ​រី​ស្ស៊​ត​នៅ​ខេត្ត​កែប និង​ខេត្តកំពត​ឡើយ ។ បន្ទាប់​មក​ជនសង្ស័យ បាន​ទាមទារ​ប្រាក់​បន្ថែម ចំនួន​៤​លាន​ដុល្លារ​ទៀត ទើប​ភរិយា​លោក កៅ គឹ​ម​ហួ​ន ដាក់​ពាក្យ​ប្តឹង នៅ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួច​រៀបចំ​គម្រោង​ចាប់​ខ្លួន ខណៈ​ពេល​ជនសង្ស័យ មក​ទទួល​ប្រាក់ ។
ពេល​សមត្ត​កិច្ចឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ក៏​នាំ​ទៅ​ឆែកឆេរ​កន្លែង​ស្នាក់​នៅ ក្នុង​អា​ផាត​មិន ​ដា​លី​ស នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ធ្វើការ​ដកហូត​ប្រាក់​ចំនួន​៤២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​អា​ផាត​មិន ដែល​ជនសង្ស័យ​កំពុង​រស់នៅ ។
សូមបញ្ជាក់ថា ដើមចម​នៃ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ខាងលើ​នេះ ពុំ​មាន​ប្រភព​ណាមួយ​អាចបញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវការ​នោះ​ទេ សូ​ម្បី​សមត្ថ កិច្ច ដែល​ចាប់​បញ្ជូន​ជនសង្ស័យទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មិន​បង្ហើប​ឲ្យ​ដឹង​ដែរ ប៉ុន្តែ​ទោះបី​មានការ​លាក់លៀម​យ៉ាងណា​ក្តី ប្រភព​ព័ត៌មាន​នៅ​តែ​ធ្លាយ​ចេញមិន​អាច​បិទ​ជិតពី​ ដំណឹងយប់មិញ ឡើយ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop