មន្ត្រីរដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ការនេសាទប្រើ​ឧបករណ៍ខុសច្បាប់

Published on Sunday, 20 August 2017 11:42    Hits: 6     ដោយ ៖ ឈៀង​ ថារិទ្ធ


កំពង់ឆ្នាំង៖ កន្លងមកទោះបីមានការយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ជលផល  របស់​មន្ត្រីរដ្ឋបាលជលផលផលដល់ប្រជាពលរដ្ឋសូមកុំអោយប្រើប្រាស់ឧបករណ៍ខុសច្បាប់​មានរបាំងស្បៃមុង និងរបាំងសាច់អួនវែងៗ  ប៉ុន្តែទោះយ៉ាងណាក្តីនៅក្នុងរដូវ​ហាមឃាត់បិតការនេសាទនេះ  គេពិនិត្យ​ឃើញការនេសាទ​ខុសច្បាប់របៀបបំផ្លាញ​ពូជត្រីតាំង​ពីតូចដល់ធំនេះនៅតែ​កើតមាន​ឡើងនៅតាមបណ្តាស្រុកមួយចំនួន ដែលនេះគឺជាក្តីកង្វល់របស់មន្ត្រីជល​ផល  ដោយ​សមត្ថកិច្ច​បានដាក់ផែនការចេញបង្ក្រាបជារៀងរាល់ថ្ងៃ ។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សូម​អំពាវ​នាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមបញ្ឈប់ការនេសាទ ដាក់របាំងលូស្បៃមុងនេះបន្តទៀត  ព្រោះ​ថា របាំងលបលូស្បៃមុង វាបានបំផ្លាញមច្ឆាជាតិតូចធំគ្រប់ប្រភេទ ទោះប៉ុនណាក៍មិនសល់ដែរ  ដែលបញ្ហានេះនឹងប្រឈមទៅនៃការវិនាសបាត់បង់ធនធានជលផលជាតិជាពុំខាននោះឡើយ ។  លោកបានបញ្ជាក់ថាៈ របាំងលបលូស្បៃមុង កើតមាននៅស្រុកជលគីរី  កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង ។
ជាមួយគ្នានេះដែរ របាំងលបលូសាច់អួន ដែលមានប្រវែង វែងៗខុសច្បាប់ ក៍បានកើត​ឡើង​មាននៅតាមបណ្តាស្រុកមួយចំនួនផងដែរ ដូចជាស្រុកកំពង់លែង ស្រុកបរិបូណ៌ និងស្រុក​មួយចំនួនទៀត ដែលជាប់មាត់ទន្លេ ដែលសមត្ថកិច្ចជលផល បានសហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាបរៀងរាល់ថ្ងៃ។                                    .
លោកនាយខណ្ឌ័រដ្ឋបាលជលផល បានអោយដឹងទៀតថាៈការបង្ក្រាបបទល្មើសក្នុងខែសីហា  ឆ្នាំ២០១៧នេះ មានចំនួន៤២លើក  ស្មើនឹង៤៩២កន្លែង នៅស្រុកបរិបូណ៌ ស្រុកកំពង់លែង  រលាប្អៀរ​   កំពង់ត្រឡាច ស្រុកជលគីរី  និងក្រុងកំពង់ឆ្នាំង  ដោយក្នុង​នោះបាន​បង្ក្រាប​របាំង​សាច់​អួនចំនួន២៥២កន្លែង មានប្រវែង ១០.០៦០ម៉ែត្រ  របាំងស្បៃមុង២៤០កន្លែងមានប្រវែង​៩.៦៧០ម៉ែត្ររបាំងរាំងភ្ជិតព្រែក២០កន្លែងមានប្រវែង២៨០ម៉ែត្រ លបលូសាច់ អួន និងលបលូ​ស្បៃមុង៤៥០មាត់ បង្គោល១២.០៤០ដើម និងចាក់លែងកូនត្រីចម្រុះជាង១លាន៦០ម៉ឺនកូន ចូល​ក្នុងទន្លេធម្មជាតិវិញ ។                                                                                                 
តាមប្រភពពីប្រជាពលរដ្ឋអោយដឹងថាៈ  បទល្មើសនសាទមួយចំនួនធំ នៅក្នុងស្រុកកំពង់លែង  និងស្រុកបរិបូណ៌  នៅមិនទាន់បង្ក្រាបអស់នៅឡើយទេ ដែលបញ្ហានេះមន្ត្រីជំនាញនិយាយថា ការបង្ក្រាបជួបការលំបាកណាស់ដោយមន្ត្រីជលផលមានគ្នាតិច  ឯការចុះបង្ក្រាបដូច​វែកចក​អញ្ចឹង គឺបង្ក្រាបខាងមុខកើតមានខាងក្រោយ  ប៉ុន្តែយ៉ាងនេះ​ក្តីមន្ត្រីជំនាញនឹង​ក៍ខិតខំចុះ​បង្ក្រាប​ជារៀងរាល់ថ្ងៃដោយមិនបានបណ្តែតបណ្តោយនោះឡើយ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop