ចៅប្រុសអប្រិយ៍ !​ ប្រលយ័ជីដូនស្លាប់ ដោយវាយនឹងដំបងឈើ ​ព្រោះតែ​ខឹង​ជីដូន​ស្ដីបន្ទោស មិន​ឲ្យ​ឡើង​អង្គុយលេង​លើដំបូល​ផ្ទះ

១៤ កញ្ញា ២០១៧ - ១១:០១

ភ្នំពេញៈ ហេតុការណ៍​ចៅប្រុស​យក​ដំបង​ឈើ​វាយ​ជីដូន​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ២៤ ផ្លូវ៥៨២ហ្សេ​ត ក្រុមទី៥ ភូមិ១៣ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។




ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់ស្ដែង ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ដោយ​យក​ឈើ​ជ្រុង​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់។ ជនសង្ស័យ​រូបនេះ មានឈ្មោះ ឆាយ ស៊ិន​ហូ ហៅ ទូ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ (សព) មានឈ្មោះ ក្រួច សុខា ភេទ​ស្រី អាយុ៧៥ឆ្នាំ មុខរបរ​រើស​អេតចាយ បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយមាន​ស្នាម​វាយ​ឲ្យ​របួស​បែកក្បាល​ពីក្រោយ​ផុង​លលា​ដ៏។ ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​រស់នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ។


នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ដែល​ត្រូវជា​ជីដូន​របស់​ជនសង្ស័យ​ឈ្មោះ ឆាយ ស៊ិន​ហូ ហៅ ទូ និង​ឈ្មោះ ឆាយ លីដា ភេទ​ស្រី អាយុ​ប្រហែល២៦ឆ្នាំ ត្រូវជា​បងស្រី​ជនសង្ស័យ កំពុង​នៅក្នុង​ផ្ទះ​ទាំងអស់គ្នា។ បន្ទាប់មក ជនសង្ស័យ​បាន​ទៅ​បើក​គម្រប​ស័ង្កសី​ដើម្បី​ឡើងទៅ​លេង​នៅលើ​ដំបូលផ្ទះ​ជាន់​ខាងលើ (រានហាល) ប៉ុន្តែ​ត្រូវ​ជីដូន​ស្រែក​ស្ដីបន្ទោសខ្លាំងៗមិន​ឲ្យ​ឡើង ព្រោះ​ខ្លាច​ភ្លៀង​លិច​តាម​ដំបូល​ចូល​ផ្ទះ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹងសម្បារ ហើយ​បាន​ទាញយក​ឈើ​ជ្រុង​ប្រវែង​ប្រហែល០,៧០ម៉ែត្រ ដែល​ទុក​នៅក្នុង​ផ្ទះ​ស្រាប់​នោះ យកទៅ​វាយ​ក្បាល​ជីដូន​ពីក្រោយ​ចំនួន៥ឈើ​ជ្រុង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​នៅលើ​គ្រែ។ នៅពេល​កើតហេតុ​នោះ ឈ្មោះ លីដា ត្រូវជា​បងស្រី បាន​ចូល​ឃាត់​ដែរ ប៉ុន្តែ​ជនសង្ស័យ​មិន​ស្ដាប់ ទើប​សមត្ថកិច្ច​ចូលទៅ​អន្តរាគមន៍ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្ដែងភ្លាមៗតែម្ដង ។


ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ចៅ​សព​បាន​សារភាពថា ខ្លួន​បានមក​រស់នៅ​ជាមួយ​ជីដូន​អស់​រយៈពេល៥ឆ្នាំ​មកហើយ ហើយ​ក្នុង​ការរស់នៅ​កន្លងមក ជីដូន​តែងតែ​ស្ដីបន្ទោស​ឲ្យ​ខ្លួន​ជា​ញឹកញាប់ ទើប​ខ្លួន​គុំ​ខឹង​រហូតដល់​ថ្ងៃកើតហេតុ បាន​យក​ឈើ​ជ្រុង​វាយ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង ៕









ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop