ដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរី រលូត

Published on Thursday, 24 August 2017 00:12    Hits: 4     ដោយ ៖ តេត សារ៉េត


មណ្ឌលគិរី៖ ដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរី ដែលបានបញ្ចប់ទៅកាលពីល្ងាច ម្សិលមិញនេះ គឺបានបញ្ចប់ទៅដោយរលូន និងយុត្តិធម៌ ។ ហើយទោះបីជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌល គិរី មិនធ្វើការសន្និដ្ឋានថា មានបេក្ខជនប្រលងអាចជាប់តិច ឬច្រើនក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថា បេក្ខជនប្រលង ទាំងអស់គឺធ្វើបានយ៉ាងល្អក្នុងពេលប្រលង ដោយប្រើសមត្ថភាពខ្លួនឯងផ្ទាល់ មិនមានការលួចមើលសំណៅឯកសារ ឬប្រ៊ីយ៉ុងនោះទេ ។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកពុំទាន់ហ៊ានរំពឹងទុកអំពី លទ្ធផលប្រលងនោះទេ ប៉ុន្តែលោកមើលឃើញថាបេក្ខជនទាំងអស់គឺធ្វើបានច្រើន និងគ្មានកំហុសក្នុងពេលប្រលងទេ ។ លោកបន្តថា បើសម្រាប់សម័យប្រលងកាលពីឆ្នាំមុន ក្នុងចំណោមបេក្ខជនប្រលងសរុបចំនួន២៦៣នាក់ គឺមានអាត្រា សិស្សដែលជាប់ជាង៨០% នៅក្នុងខេត្តមណ្ឌលគិរី ហើយក៏មានសិស្សឆ្នើមដែលទទួលបាននិទ្ទេស A ០១នាក់ផងដែរ ។
ហើយក្នុងខេត្តមណ្ឌលគិរីឆ្នាំនេះ មានមណ្ឌលប្រលងពីរមណ្ឌល គឺស្ថិតក្នុងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងនោះមានបេក្ខជនប្រលង សរុបចំនួន៣២០នាក់ ស្រី១៦៨នាក់ ស្មើនឹង១៤បន្ទប់ប្រលង ។


ហើយក្នុងការប្រលងនេះ គឺមានបេក្ខជនប្រលងអវត្តមានចំនួន០២នាក់ ។ លោក សម សុភ័ក្រ ជាគ្រូអនុរក្សក្នុងដំណើរការប្រលងនេះផ្ទាល់ផងដែរបានឲ្យដឹងថា បេក្ខជនប្រលងទាំងអស់ ក្នុងខេត្តមណ្ឌលគិរី គឺពុំមានបេក្ខជន ដែលលួចយកសំណៅឯកសារ ឬប្រ៊ីយ៉ុង ចូលក្នុងបន្ទប់ប្រលងនោះទេ ពោលគឺពួកគេប្រលងដោយសមត្ថភាពតែម្ដង ហើយលោកក៏សង្កេតឃើញបេក្ខជនប្រលងទាំងអស់ គឺធ្វើបានល្អប្រសើរ ណាស់ ដោយសូម្បីតែបេក្ខជនបំពេញវិជ្ជា ក៏អាចធ្វើកិច្ចការក្នុងវិញ្ញាសារប្រលងបានយ៉ាងរលូនដែរ ។


អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានថ្លែងថា នឹងផ្តល់ម៉ូតូ០១គ្រឿង ជូនដល់បេក្ខជន ដែលប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តមណ្ឌលគិរីឆ្នាំនេះ ដើម្បីជាការផ្តល់ កំលាំងចិត្ត និងលើកទឹកចិត្តដល់សិស្សឆ្នើម ដែលខិតខំរៀនសូត្រ ៕




ចុះនៅលើទីនោះ NEWS  http://www.angkorbody.com

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop