អភិបាលខេត្តកំពតអញ្ជើញកាត់ប្រអប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខណៈសិស្សជាង៥ពាន់នាក់ចូលរួមប្រឡង

Published on Monday, 21 August 2017 10:00    Hits: 0     ដោយ ៖ សុខឌីណា

កំពតៈ ក្នុងពិធីចាប់ផ្តើមនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពតបានអញ្ជើញចូលកាត់ប្រអប់វិញ្ញាសានៅមណ្ឌលវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។
មុនវេលាកាត់ប្រអប់វិញ្ញាសាចូលមកដល់ ឯកឧត្តមអភិបាលខេត្តឆ្លៀតផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីបញ្ចេញឱ្យអស់នូវចំណេះដែលបានក្របជញ្ជក់រយៈពេល១២ឆ្នាំកន្លងមកដើម្បីដណ្តើមជោគជ័យសម្រាប់ជាស្ពានឆ្ពោះទៅថ្នាក់ឧត្តមសិក្សាបន្តទៀត។ ឯកឧត្តម ចាន់ ចេស្តា ក៏បានបញ្ជាក់តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថា ជាគោលការណ៍ អ្នកចេះគឺជាប់។


សូមរំលឹកថាការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ ក្នុងខេត្តកំពតមានបេក្ខជន៥.១៧៩នាក់ ស្រី២.៤​៣៧នាក់ដោយប្រើប្រាស់មណ្ឌលប្រឡងចំនួនប្រាំបីស្មើនឹង២០៨បន្ទប់ ដំណើរការក្នុងក្រុងកំពត និងស្រុកទឹកឈូ ខណៈដែលឆ្នាំ២០១៦ បេក្ខជនប្រឡងមាន៤.៤៨៣នាក់ ស្រី២.១២១នាក់។ ជាលទ្ធផលនាពេលនោះ បេក្ខជនដែលប្រឡងជាប់មាន២.៧៣១នាក់ ស្រី១.៣៧៧នាក់ ស្មើនឹង៦០,៩២ភាគរយ។
ក្នុងនោះនិទ្ទេស A ចំនួន១១នាក់ ស្រី៨នាក់, និទ្ទេស B ចំនួន១២០នាក់ ស្រី៦០នាក់, និទ្ទេស C មាន២៧២នាក់ ស្រី១៤៣នាក់, និទ្ទេស D មាន៤៤៩នាក់ ស្រី ២៣៣នាក់ និងនិទ្ទេស E មាន១.៨៦៩នាក់ ស្រី៩៣៣នាក់។ សូមបញ្ជាក់ថា ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងភាពល្អប្រសើរ និងលទ្ធផលប្រកបដោយគុណភាពខ្ពស់ រដ្ឋបាលខេត្តកំពតបានចាត់វិធានការចាំបាច់មួយចំនួនសម្រាប់ការអនុវត្តមុន និងក្នុងអំឡុងពេលដំណើរការ។
ក្នុងនោះ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពតបានណែនាំដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធឱ្យទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដូចជា មន្ទីរទេសរណ៍ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់សេវាកម្មស្នាក់នៅ និងម្ហូបអាហារបញ្ចៀសនូវការដំឡើងថ្លៃចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា។
មន្ត្រីមន្ទីរអប់រំត្រូវចុះណែនាំដល់គ្រប់មណ្ឌលប្រឡងមិនឱ្យមានការលក់ដូរក្នុងសាលា ហើយគួររៀបចំឱ្យមានទឹកស្អាតសម្រាប់បេក្ខជន និងមន្ត្រីមានភារកិច្ចទាំងអស់សម្រាប់ការប្រឡង ពិសេសសម្អាតអនាម័យឱ្យមានបរិស្ថានល្អនៅមណ្ឌលនីមួយៗ។
ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវចាត់កម្លាំងដើម្បីឈរជើងការពារសន្តិសុខ សុវត្ថិភាពជូនបេក្ខជន ក៏ដូចជាមន្ត្រីមានភារកិច្ចតាមមណ្ឌលប្រឡងទាំងអស់។ មន្ទីរសុខាភិបាលត្រូវបញ្ជូនក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងរថយន្តសង្គ្រោះទៅប្រចាំការរាល់ម៉ោងប្រឡង។ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ទីរអង្គភាពទាំងអស់ត្រូវគ្រប់គ្រងឱ្យបាននូវម៉ាស៊ីន និងរាល់ការថតចម្លងឯកសារផ្សេងៗ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop